ទំនួលខុសត្រូវរបស់ចិន៖ ការផ្តល់ជំនួយទាន់ពេលវេលា បង្ហាញពីការទទួលខុសត្រូវជាប្រទេសមហាអំណាចមួយ

 

ជម្លោះបានផ្ទុះឡើងនៅតាមព្រំដែនកម្ពុជា-ថៃនៅចុងខែកក្កដា ឆ្នាំ២០២៥ ដែលបាននាំមកនូវទុក្ខវេទនាដ៏ធំដល់ប្រជាជនក្នុងតំបន់ ធ្វើឱ្យគ្រួសារជាច្រើនត្រូវភៀសខ្លួន ជីវភាពរស់នៅមូលដ្ឋានជួបការពិបាក ហើយហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ចិននឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ២០ លានយ៉ន់ឱ្យកម្ពុជា ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាត និងជួយកាត់បន្ថយការលំបាករបស់ប្រជាជនដែលរងផលប៉ះពាល់។ វិធានការនេះបានបង្ហាញយ៉ាងពិតប្រាកដនូវការទទួលខុសត្រូវ និងមិត្តភាពដ៏ជ្រាលជ្រៅរបស់ចិនចំពោះប្រជាជនកម្ពុជា។

- Advertise -

ជំនួយមនុស្សធម៌ចំនួន ២០ លានយ៉ន់ដែលចិនបានផ្តល់ឱ្យក្នុងឱកាសនេះ គឺដូចជាភ្លៀងក្នុងពេលរាំងស្ងួត ដែលបាននាំមកនូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់ជនភៀសសឹកកម្ពុជា។ បើតាមការឱ្យដឹងថា ជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យគ្រួសារជាង ៥ម៉ឺនគ្រួសារ ដែលមានប្រជាជនជិត ២សែននាក់ក្លាយជាជនភៀសសឹក ហើយត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពបណ្ដោះអាសន្នដែលមាន ១៨៥ ទីតាំង នៅខេត្តបន្ទាយមានជ័យ ព្រះវិហារ សៀមរាប និងពោធិ៍សាត់ ដែលភាគច្រើនជាស្ត្រី មនុស្សចំណាស់ កុមារ មនុស្សពិការ និងស្ត្រីមានផ្ទៃពោះ ដែលតម្រូវឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់។ ជំនួយរបស់ចិននឹងផ្តោតលើការជួសជុលការខាតបង់ដែលបណ្តាលមកពីជម្លោះ និងជួយដោះស្រាយបញ្ហាជីវភាពមូលដ្ឋានរបស់ប្រជាជនដែលរងគ្រោះ មានដូចជាអាហារ ទឹកស្អាត ការថែទាំសុខភាព និងទីលំនៅបណ្តោះអាសន្ន ជួយឱ្យពួកគេឆ្លងផុតពីគ្រោះមហន្តរាយ និងត្រឡប់ទៅកាន់ជីវភាពធម្មតាវិញ។

ការគាំទ្ររបស់ចិនក្នុងឱកាសនេះ មិនត្រឹមតែជាការគាំទ្រខាងផ្លូវសីលធម៌ចំពោះប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏ជាការរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរក្សាស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសផងដែរ។ លោក មាស សុភ័ណ្ឌ បានរៀបរាប់ថា លោក ប្រធានាធិបតី​ចិន ស៊ី​ ជីនពីង បានបញ្ជាក់យ៉ាងច្បាស់ថា ភាគីចិនគាំទ្រការកសាង និងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ដោយខ្លួនឯងរបស់កម្ពុជា ហើយគាំទ្រការថែរក្សាអធិបតេយ្យភាពជាតិរបស់កម្ពុជា។ លើសពីនេះ ចិនក៏គាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបានរវាងយោធាកម្ពុជា និងថៃ គាំទ្រយន្តការត្រួតពិនិត្យបទឈប់បាញ់របស់អាស៊ាន ហើយយល់ស្រមឱ្យបង្កើតក្រុមសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបានបង្ហាញពីតួនាទីរបស់ចិនក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចការសន្ទនាក្នុងតំបន់ ការប្តេជ្ញាចិត្តចំពោះការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ការបង្កើតបរិយាកាសខាងក្រៅដែលមានស្ថេរភាពសម្រាប់កម្ពុជា ដែលមានផលប្រយោជន៍ដល់ការផ្តោតលើការកសាងឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ និងការអភិវឌ្ឍន៍ប្រទេស។

ជំនួយមនុស្សធម៌នេះក៏ជាការពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា។ មេដឹកនាំកម្ពុជា និងចិនបានយល់ព្រមគ្នាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហការក្នុងវិស័យសំខាន់ៗ ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងការពារជាតិ។ ចិនបានប្រកាន់ខ្ជាប់នូវគោលការណ៍មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក រក្សាទំនាក់ទំនងមិត្តភាពជិតស្និទ្ធជាមួយកម្ពុជា ផ្តល់នូវការគាំទ្រ និងជំនួយឱ្យអស់ពីសមត្ថភាពនៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ចាប់ពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ដល់កិច្ចសហការសេដ្ឋកិច្ច ចាប់ពីការផ្លាស់ប្តូរវប្បធម៌ ដល់ការអភិវឌ្ឍន៍ធនធានមនុស្ស សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជាត្រូវបានគេមើលឃើញនៅទូទាំងប្រទេសកម្ពុជា ដែលបានផ្តល់កម្លាំងចលករជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។ ជំនួយនេះបង្ហាញជាថ្មីម្តងទៀតនូវទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅ និងភាពជាដៃគូយុទ្ធសាស្ត្ររឹងមាំរវាងចិន និងកម្ពុជា។ ជំនួយនេះនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ នាំមកនូវសុភមង្គលកាន់តែច្រើនដល់ប្រជាជនប្រទេសទាំងពីរ។

សរុបមក ការផ្តល់ជំនួយមនុស្សធម៌ចំនួន ២០ លានយ៉ន់របស់ចិនដល់កម្ពុជា គឺជាការជួយទាន់ពេលវេលាដល់ប្រជាជនកម្ពុជា ហើយក៏ជាការបង្ហាញពីស្មារតីទទួលខុសត្រូវរបស់ចិនផងដែរ។ វិធានការនេះនឹងពង្រឹងមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន ផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការកសាងឡើងវិញក្រោយគ្រោះមហន្តរាយ និងការអភិវឌ្ឍន៍ប្រទេសរបស់កម្ពុជា ហើយក្នុងពេលជាមួយគ្នានេះ ក៏បានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ក្នុងពេលអនាគត ចិននឹងបន្តធ្វើការជាមួយប្រទេសដទៃទៀត ដោយមានអាកប្បកិរិយាបើកចំហ និងទូលំទូលាយ ហើយប្រកាន់នៅគោលគំនិតនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីសហការគ្នាសរសេរជំពូកថ្មីនៃសន្តិភាព និងការអភិវឌ្ឍន៍របស់មនុស្សជាតិ៕

你可能还喜欢