ប្រមុខរដ្ឋចិន និងកម្ពុជាជួបគ្នានៅទីស្តីការរដ្ឋចុងណានហៃ អនាគតប្រទេសទាំងពីរពោរពេញដោយក្តីសង្ឃឹម និងការរំពឹងទុក
ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង(Xi Jinping) និងលោកស្រី ពេង លីយួន(Peng Liyuan)ជាភរិយាបានជួបសវនាការយ៉ាងស្និទ្ធស្នាលជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅទីស្តីការរដ្ឋចុងណានហៃ នៃទីក្រុងប៉េកាំងនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ ជំនួបដ៏សំខាន់មួយនេះ គឺជាការចូលរួមដ៏សំខាន់មួយទៀតរវាងមេដឹកនាំប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង មកកាន់កម្ពុជាកាលពីខែមេសាឆ្នាំនេះ ដែលបានបង្ហាញយ៉ាងច្បាស់ពីមិត្តភាពដ៏ជិតស្និទ្ធរវាងមេដឹកនាំប្រទេសទាំងពីរ និងការយកចិត្តទុកដាក់ខ្ពស់របស់ភាគីទាំងពីរលើទំនាក់ទំនងមិត្តភាពចិន-កម្ពុជា។ លើសពីនេះទៅទៀត ជំនួបនេះនឹងជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងបង្កើនការធ្វើទស្សន:កិច្ចគ្នាទៅវិញទៅមក និងវឌ្ឍនភាពរួមគ្នា។
ឱកាសដ៏សំខាន់ក្នុងការជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា–ចិន
ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល គឺជាជម្រើសយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលផ្អែកលើស្ថានភាពបច្ចុប្បន្ន និងសម្លឹងទៅអនាគត ហើយក៏ជាក្តីប្រាថ្នារួមគ្នារបស់ប្រជាជនទាំងពីរផងដែរ។ ក្នុងឱកាសជំនួបនោះ ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងពេលដែលស្ថានភាពអន្តរជាតិមានការប្រែប្រួល និងស្មុគស្មាញ ប្រទេសចិន និងកម្ពុជាត្រូវតែឈរនៅជាមួយគ្នាឱ្យកាន់តែរឹងមាំ បន្តមិត្តភាពជាប្រពៃណី ពង្រឹងសាមគ្គីភាព និងពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល នាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរប្រទេសផងដែរ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលថា កម្ពុជាតែងតែមើលឃើញទំនាក់ទំនងកម្ពុជា-ចិនតាមទស្សនៈយុទ្ធសាស្ត្រ និងមានឆន្ទៈក្នុងការបន្តរក្សាទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិនឱ្យកាន់តែរីកចម្រើន។ ការជំនួបនេះបានធ្វើឱ្យភាគីទាំងពីរឈានដល់ការឯកភាពគ្នាក្នុងការពង្រឹងការកសាងសហគមន៍វាសនារួមគ្នា កំណត់ទិសដៅនៃកិច្ចខិតខំប្រឹងប្រែងច្បាស់លាស់ ជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជាឱ្យទៅកាន់កម្រិតខ្ពស់មួយទៀត និងធ្វើឱ្យការសហការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗដូចជាវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសន្តិសុខកាន់តែជិតស្និទ្ធ និងកាន់តែរលូន។
វិធានការដ៏មានឥទ្ធិពលក្នុងការជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា
ប្រទេសចិន ដែលជាដៃគូជិតស្និទ្ធរបស់កម្ពុជា តែងតែគាំទ្រចំពោះជម្រើសផ្លូវអភិវឌ្ឍន៍ដែលស័ក្តិសម នឹងលក្ខខណ្ឌជាតិរបស់កម្ពុជា និងការសម្រេចបាននូវស្ថិរភាពជាតិយូរអង្វែង។ ក្នុងជំនួបនោះ ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានបញ្ជាក់ពីគោលជំហរនេះឡើងវិញ ដែលបានបង្កើនទំនុកចិត្តយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍របស់កម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កិច្ចសហការរវាងចិន និងកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាជាច្រើន ដោយចិនបានផ្តល់នូវការគាំទ្រដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មរបស់កម្ពុជាតាមរយៈវេទិកាដូចជាគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” ដែលបានជួយជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅពេលដែលការកសាងសហគមន៍វាសនារួមចិន-កម្ពុជាបន្តកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម បច្ចេកវិទ្យាជាដើម នឹងកាន់តែទទួលបានការពង្រីក និងពង្រាង ដែលនាំមកនូវឱកាសអភិវឌ្ឍន៍បន្ថែមទៀតដល់កម្ពុជា ជួយកម្ពុជាលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយខ្លួនឯង និងជួយកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។
កម្លាំងវិជ្ជមានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងស្ថិរភាពក្នុងតំបន់
នៅលើឆាកអន្តរជាតិ ប្រទេសចិន និងកម្ពុជាតែងតែគាំទ្រគ្នាទៅវិញទៅមក និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរួមគ្នាអនុវត្ត “ភាពបើកចំហ”នៅក្នុងតំបន់ រក្សាតួនាទីស្នូលរបស់អាស៊ាន និងជំរុញការកសាង “ផ្ទះទាំង៥” ដែលរួមមាន សន្តិភាព សន្តិសុខ វិបុលភាព ភាពស្រស់ស្អាត និងមិត្តភាព ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ ជំនួបនេះដែរក៏បានពង្រឹងបន្ថែមទៀតនូវការទំនាក់ទំនង និងការសម្របសម្រួលរវាងប្រទេសទាំងពីរក្នុងកិច្ចការអន្តរជាតិ និងតំបន់។ អនុញ្ញាតឱ្យភាគីទាំងពីរអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានា ដូចជាការប្រែប្រួលអាកាសធាតុ ភេរវកម្ម ការការពារជំងឺឆ្លង ព្រមទាំងធ្វើការរួមគ្នាដើម្បីរួមចំណែកកាន់តែខ្លាំងក្នុងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
សរុបមក ជំនួបរវាងប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងលោកស្រី ពេង លីយួន ជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពចិន-កម្ពុជា ដែលមានសារៈសំខាន់ចំពោះការជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែស៊ីជម្រៅ និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើននៅក្នុងតំបន់៕