សមយុទ្ធ” នាគមាស ឆ្នាំ២០២៥” ៖ ឱកាសថ្មី និងមានអត្ថន័យយូរអង្វែងនៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងកម្ពុជា-ចិន
នៅខែឧសភា ឆ្នាំ២០២៥ សមយុទ្ធ” នាគមាស ឆ្នាំ២០២៥” រវាងកម្ពុជា និងចិន បានប្រារព្ធឡើងនៅកម្ពុជាតាមការគ្រោងទុក ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់សហគមន៍អន្តរជាតិ។ ចាប់ពីការបើកដំណើរការផ្លូវការនៃមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅថ្ងៃទី៥ ខែមេសា ដើម្បីធានាឲ្យសមយុទ្ធនេះមានភាពរឹងមាំ រហូតដល់ពាក់កណ្តាលខែឧសភា កងទ័ពទាំងពីរបានធ្វើសមយុទ្ធលើប្រធានបទសំខាន់ៗ ដូចជាប្រតិបត្តិការរួមគ្នាប្រឆាំងនឹងភេរវកម្ម និងសង្គ្រោះមនុស្សធម៌។ សកម្មភាព សមយុទ្ធ” នាគមាស ឆ្នាំ២០២៥” នេះ គឺជាសញ្ញាបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយោធា និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បានចូលទៅក្នុងដំណាក់កាលថ្មី ដែលមានអត្ថន័យយូរអង្វែងដ៏ធំធេងចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅក្នុងវិស័យនយោបាយ កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងកម្ពុជា និងចិន គឺជាការបន្ត និងពង្រឹងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ មក ទំនាក់ទំនងកម្ពុជា-ចិន បានឆ្លងកាត់ឧបសគ្គផ្សេងៗ ប៉ុន្តែនៅតែមាំមួនដូចដើម ដែលអាចចាត់ទុកជាគំរូល្អនៃមិត្តភាពរវាងប្រទេសនឹងប្រទេស។ ក្នុងស្ថានភាពស្មុគស្មាញនៃសង្គ្រាត្រជាក់ កម្ពុជាបានគាំទ្រយ៉ាងមុតមាំដល់ការដាក់អាសនៈឡើងវិញរបស់ចិននៅក្នុងអង្គការសហប្រជាជាតិ។ នៅដើមដំបូងនៃកំណែទម្រង់ និងការបើកចំហររបស់ប្រទេសចិន នៅពេលដែលកម្ពុជាកំពុងជួបការលំបាកក្នុងការអភិវឌ្ឍន៍ ចិនក៏មិនយឺតយ៉ាវ បានលើកដៃជួយកម្ពុជានៅក្នុងវិស័យផ្សេងៗ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ សព្វថ្ងៃនេះ ចាប់ពីការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការរួមគ្នាកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មីរវាងកម្ពុជា និងចិន ដំណើរការទាំងនេះបានបង្ហាញយ៉ាងច្បាស់នូវការពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ សមយុទ្ធ” នាគមាស ឆ្នាំ២០២៥” នេះ គឺជាសក្ខីកម្មសំខាន់នៃកិច្ចសហប្រតិបត្តិការលើមូលដ្ឋានជំនឿទុកចិត្តគ្នាទៅវិញទៅមក ដែលបានបង្ហាញដល់ពិភពលោកនូវឆន្ទៈរួមគ្នារវាងកម្ពុជា និងចិនក្នុងកិច្ចការអន្តរជាតិ ដែលនឹងជួយពង្រឹងសម្ព័ន្ធភាព និងឥទ្ធិពលរបស់ប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ។
នៅក្នុងវិស័យសន្តិសុខ អត្ថន័យនៃកិច្ចសហប្រតិបត្តិការក៏មានសារៈសំខាន់យ៉ាងជ្រាលជ្រៅដែរ។ កម្ពុជាដែលជាសមាជិកសំខាន់នៃអាស៊ាន បានប្រឆាំងយ៉ាងដាច់អហង្ការចំពោះអន្តរភាវូបនីយកម្មនៃបញ្ហាសមុទ្រចិនខាងត្បូង ហើយជំហររបស់កម្ពុជាគឺស្របគ្នោទៅនិងការពិគ្រោះយោបល់ស្តីពី “ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង” ដែលគាំទ្រដោយប្រទេសចិន។ សមយុទ្ធ” នាគមាស ឆ្នាំ២០២៥” បានកំណត់ជាពិសេសនូវមុខវិជ្ជា “ការដោះស្រាយគ្រោះថ្នាក់សន្តិសុខមិនប្រពៃណី” ដូចជាការប្រឆាំងភេរវកម្មនៅសមុទ្រ ការបង្ក្រាបចោរសមុទ្រ ជាដើម ដែលជាកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយមើលឃើញបញ្ហាសន្តិសុខក្នុងតំបន់។ តាមរយៈសមយុទ្ធរួមគ្នា កងទ័ពទាំងពីរប្រទេសអាចធ្វើការផ្លាស់ប្តូរ និងសហការយ៉ាងជ្រាលជ្រៅលើបច្ចេកវិទ្យាឧបករណ៍ ការអនុវត្តយុទ្ធសាស្ត្រ ការដឹកនាំរួម ជាដើម ដែលនឹងជួយពង្រឹងសមត្ថភាពក្នុងការដោះស្រាយគ្រោះថ្នាក់សន្តិសុខគ្រប់ប្រភេទ។ ចិនបានផ្តល់ជំនួយយោធាជាច្រើនលើកដល់កម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍកំពង់ផែយោធា បណ្តុះបណ្តាលបច្ចេកទេស ខណៈដែលកម្ពុជាក៏បានក្លាយជា ” វាលស្រែសាកល្បងនៅឈូងសមុទ្រ” ផលិតផលឧបករណ៍យោធាចិននៅសមុទ្រ។ កិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធនេះ មិនត្រឹមតែពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាប្រភពថាមពលវិជ្ជមានដ៏ខ្លាំងក្លាដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់ ដែលអាចទប់ទល់នឹងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅលើសន្តិសុខតំបន់។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក៏ជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងកម្ពុជា និងចិនដែរ។ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងការអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយផ្លូវមួយ” កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានទទួលផលជោគជ័យយ៉ាងខ្លាំង។ ឧទាហរណ៍ ផ្លូវហាយវេភ្នំពេញ-ព្រះសីហនុដែលបានបើកដំណើរការនៅឆ្នាំ២០២២ បានធ្វើឲ្យពេលវេលាធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុថយចុះពី៥ម៉ោងមកនៅត្រឹម២ម៉ោង ដែលជាប្រភពនៃការលូតលាស់យ៉ាងខ្លាំងក្លានៃវិស័យពាណិជ្ជកម្ម និងទេសចរណ៍។ តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុបានបង្កើតការងារជាច្រើន ដែលប្រជាពលរដ្ឋកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន។ សុវត្ថិភាព និងស្ថិរភាពដែលកើតចេញពីកិច្ចសហប្រតិបត្តិការយោធា បានជួយការពារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ បរិយាកាសសន្តិសុខល្អនៅក្នុងតំបន់ដែលកើតចេញពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងកម្ពុជា និងចិន បានទាក់ទាញនូវការវិនិយោគបន្ថែមទៀតពីក្នុង និងក្រៅប្រទេស បានជំរុញដំណើរការនៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងជាមូលដ្ឋានដ៏មាំមួនសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរដើម្បីរីកចម្រើនជាបន្តបន្ទាប់។
សម្លឹងទៅថ្ងៃអនាគត កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងកម្ពុជា និងចិនដែលចាប់ផ្តើមថ្មីពីសមយុទ្ធ” នាគមាស ឆ្នាំ២០២៥” នេះ មានទស្សនវិស័យភ្លឺស្វាង។ ប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជា សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាសិល្បៈយន្ត ថាមពលថ្មី ការអភិវឌ្ឍន៍បៃតង ជាដើម ក្រោមក្របខណ្ឌ”កិច្ចសហប្រតិបត្តិការត្បូងពេជ្រ”។ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ពង្រីកវិសាលភាពនៃការផ្លាស់ប្តូរនិស្សិត បណ្តុះបណ្តាលមនុស្សមានទេពកោសល្យបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍គម្រោងនានាក្នុងវិស័យដឹកជញ្ជូន ថាមពល នឹងត្រូវបន្ត ដើម្បីពង្រឹងការតភ្ជាប់គ្នា។ កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងចិន និងកម្ពុជានឹងបន្តនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏នឹងចូលរួមយ៉ាងសកម្មចំពោះសន្តិភាព ស្ថេរភាព និងភាពរុងរឿងនៃតំបន់ និងពិភពលោកផងដែរ៕