រថភ្លើងល្បឿនលឿន ៖ «ល្បឿនចិន»ដែលជំរុញការតភ្ជាប់គ្នានៃពិភពលោក

បច្ចុប្បន្ន រថភ្លើងល្បឿនលឿនបានក្លាយជា«នាមប័ណ្ណ»ថ្មី នៃផលិតផលគមនាគមន៍បច្ចេកវិទ្យាខ្ពស់របស់ចិន ដែលត្រូវបានគេហៅថា«ល្បឿនចិន» ។ ការប្រសូត្រឡើងនៃរថភ្លើងល្បឿនលឿនមិនត្រឹមតែបានផ្តល់ជម្រើសថ្មី និងភាពងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យគមនាគមន៍និងដឹកជញ្ជូនរបស់ប្រទេសចិនផងដែរ ។

 

  • ជំហានលោតផ្លោះពីលេខរៀងនៅបាតតារាងដល់កំពូលតារាង

កាលពីដើម រថភ្លើងធម្មតារបស់ចិនបរចេញពីខេត្តមួយទៅខេត្តមួយត្រូវចំណាយពេលរាប់ម៉ោងឬរាប់សិបម៉ោងឡើងទៅ បើទៅខេត្ត-ក្រុងឆ្ងាយៗត្រូវចំណាយពេលរហូតដល់ទៅ ២-៣ ថ្ងៃ ។ ភាពទន់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកបានក្លាយជាចំណុចខ្សោយមួយនៃសេដ្ឋកិច្ចចិន ។ នៅទសវត្សរ៍ឆ្នាំ ៧០ នៃសតវត្សរ៍មុន បន្ទាប់ពីថ្នាក់ដឹកនាំចិនធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន និងបានធ្វើដំណើរតាមរថភ្លើងធុនស្រាលរបស់ជប៉ុន ការសម្រេចចិត្តសាងសង់រថភ្លើងល្បឿនលឿនរបស់ចិនបានដក់ជាប់ក្នុងចិត្តរបស់ថ្នាក់ដឹកនាំចិន និងបានក្លាយជា«សុបិនចិន»កាលនោះដែលតាំងចិត្តថា«ចិនធ្វើបាន» ។

លុះដល់ឆ្នាំ ២០០៤ ចិនបាននាំចូលបច្ចេកទេសសាងសង់រថភ្លើងល្បឿនលឿនពីបរទេស ហើយសិក្សានិងអភិវឌ្ឍដោយខ្លួនឯង បង្កើតបានជាការច្នៃប្រឌិតថ្មីខាងបច្ចេកទេសសាងសង់ ដែលជាទីចាប់ផ្តើមនៃការងើបឡើងយ៉ាងឆាប់រហ័សនៃវិស័យគមនាគមន៍ផ្លូវដែករបស់ចិន ។ បន្ទាប់ពីឆ្នាំ ២០១១ រថភ្លើងល្បឿនលឿនដែលប្រទេសចិនស្រាវជ្រាវនិងអភិវឌ្ឍដោយខ្លួនឯងមានល្បឿន ៣៥០ គីឡូម៉ែត្រ/ម៉ោង ការធ្វើដំណើរពីក្រុងប៉េកាំងទៅខេត្ត-ក្រុងជុំវិញចំណាយពេលតែក្នុងចន្លោះពីកន្លះម៉ោងទៅ ២-៣ ម៉ោងប៉ុណ្ណោះ ។ បច្ចុប្បន្ន បើទោះបីជាធ្វើដំណើរទៅកាន់ខេត្តឆ្ងាយៗក៏មានរថភ្លើងល្បឿនលឿនដែលមានបំពាក់គ្រែនិងមានប្រដាប់ប្រដាប្រើប្រាស់ដូចបន្ទប់សណ្ឋាគារ ហើយចេញដំណើរពីពេលយប់ ពេលព្រឹកព្រលឹមនឹងអាចទៅដល់ ពោលគឺគុណភាពនៃសេវាដឹកជញ្ជូនតាមផ្លូវដែករបស់ចិន​ត្រូវ​បាន​លើកកម្ពស់ទាំងល្បឿននិងផាសុកភាព ។

អ្វីដែលគួរបញ្ជាក់ គិតត្រឹមចុងឆ្នាំ ២០២៤ ការប្រតិបត្តិនៃគមនាគមន៍ផ្លូវដែករបស់ចិនមានប្រវែងសរុប ១៦,២ ម៉ឺនគីឡូម៉ែត្រ ក្នុងនោះរថភ្លើងល្បឿនលឿនមានប្រវែងសរុប ៤,៨ ម៉ឺនគីឡូម៉ែត្រ ដែលមានអត្រាលើសពី ៧០% នៃប្រវែងសរុបនៃរថភ្លើងល្បឿនលឿននៅទូទាំងពិភពលោក ។ ផ្តើមចេញពីលេខរៀងនៅបាតតារាងរហូតឡើងដល់កំពូលតារាង ការអភិវឌ្ឍបែបលោតផ្លោះនៃរថភ្លើងល្បឿនលឿនរបស់ចិនអាចនិយាយបានថាជាអច្ឆរិយមួយនៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ពិភពលោក ។

default
  • ចែករំលែកសមិទ្ធផលជាមួយពិភពលោក

«រត់តាមគេ-រត់ទន្ទឹមគេ-រត់នាំមុខគេ» នេះជាដំណើរការនៃការអភិវឌ្ឍរថភ្លើងល្បឿនលឿនរបស់ចិន ។ ប្រែពីការនាំចូលបច្ចេកទេសទៅជាការនាំចេញបច្ចេកទេស បទពិសោធអភិវឌ្ឍន៍រថភ្លើងល្បឿនលឿនរបស់ចិនបានក្លាយជាគំរូភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ពិភពលោក ។ ជាពិសេស បន្ទាប់ពីលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនលើកឡើងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» ការនាំចេញរថភ្លើងល្បឿនលឿនរបស់ចិនបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការតភ្ជាប់គ្នានៃពិភពលោក ដែលបាននាំមកនូវផលប្រយោជន៍ទាំងខាងសេដ្ឋកិច្ចនិងជីវភាពរស់នៅសម្រាប់ប្រទេសនិងប្រជាជននៃប្រទេសពាក់ព័ន្ធ ។

ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង ជាផ្លូវដែកល្បឿនលឿនទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនត្រឹមតែបានកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ឱកាសការងារយ៉ាងច្រើនសម្រាប់ពលរដ្ឋឥណ្ឌូណេស៊ីផងដែរ ។ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង បានដឹកអ្នកដំណើរសរុបលើសពី ១០ លាននាក់ និងបើកបរដោយមានសុវត្ថិភាពក្នុងចម្ងាយសរុប ៤៦៣ ម៉ឺនគីឡូម៉ែត្រ ។

ក្រៅពីនេះ ការសាងសង់ផ្លូវដែកហុងគ្រី-ស៊ែរប៊ី ដែលជាគម្រោងរថភ្លើងល្បឿនលឿនទីមួយរបស់ចិននៅអឺរ៉ុបបាននាំឱ្យលោក Aleksandar Vučić ប្រធានាធិបតីស៊ែរប៊ីថ្លែងទាំងរំភើបចិត្តថា ផ្លូវដែកនេះនឹងលើកកម្ពស់យ៉ាងខ្លាំងនូវគុណភាពរស់នៅរបស់ប្រជាពលរដ្ឋស៊ែរប៊ី និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចស៊ែរប៊ី ជាពិសេសវាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ការអភិវឌ្ឍនាពេលអនាគត វាជាកាដូដ៏មានតម្លៃសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ ។

បច្ចុប្បន្ន ប្រទេសចិនមានបទពិសោធនិងបច្ចេកទេសសាងសង់ផ្លូវដែកល្បឿនលឿនដ៏ចាស់ទុំនិងឈានមុខគេលើពិភពលោក ។ ការសាងសង់ផ្លូវដែកល្បឿនលឿនបានក្លាយជាម៉ាកផលិតផលបែប«ច្នៃប្រឌិតថ្មីដោយប្រទេសចិន» ដែលមិនត្រឹមតែបានបំពេញតម្រូវការសម្រាប់ការជ្រើសរើសមធ្យោបាយធ្វើដំណើររបស់ប្រជាជនចិនប៉ុណ្ណោះទេ ក៏បានផ្តល់ជាទំនិញសាធារណៈសម្រាប់ប្រទេសនានាដែលនាំមកនូវផលប្រយោជន៍ជូនដល់ប្រជាជនលើពិភពលោកផងដែរ ។ ការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនដែលលឿនរហ័សនិងប្រកបដោយសុវត្ថិភាពបានក្លាយជាជម្រើសដ៏សំខាន់មួយរបស់អ្នកដំណើរជាតិនិងអន្តរជាតិ ពិសេសអ្នកដែលខ្លាចទីខ្ពស់ដែលមិនហ៊ានជិះយន្តហោះ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងធ្វើការទាក់ទងជាមួយក្រុមហ៊ុនផ្លូវដែកជាតិចិន ដើម្បីសិក្សាពីលទ្ធភាពសាងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជាផងដែរ ។ ជឿជាក់ថា នាពេលអនាគតមិនជាយូរប៉ុន្មាន ប្រជាពលរដ្ឋកម្ពុជាមុខជានឹងអាចដកបទពិសោធពី«ល្បឿនចិន» ដែលធ្វើដំណើរទៅកាន់ខេត្ត-ក្រុងទូទាំងប្រទេសចំណាយពេលយូរបំផុតត្រឹមតែ ២-៣ ម៉ោងប៉ុណ្ណោះ ។

រថភ្លើងល្បឿនលឿនដែលជានិមិត្តសញ្ញាមួយនៃ«ល្បឿនចិន» មិនត្រឹមតែរួមចំណែកតភ្ជាប់ពិភពលោកខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏តភ្ជាប់ដួងចិត្តប្រជាជននៃបណ្តាប្រទេស និងតភ្ជាប់គោលដៅនៃការអភិវឌ្ឍរួមនាពេលអនាគតផងដែរ ៕

你可能还喜欢