សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យគិតគូរដល់សមត្ថភាពពិតប្រាកដរបស់គ្រូមុននឹងបញ្ចូលជាគ្រូពេញសិទ្ធិក្នុងក្របខណ្ឌរដ្ឋ

កំពង់ស្ពឺ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥–បន្ទាប់ពីមានការលើកយោបល់ពីក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈ ពាក់ព័ន្ធការបញ្ចូលគ្រូកិច្ចសន្យាក្នុងក្របខណ្ឌរដ្ឋ សម្ដេចធិបតី បានសម្ដែងការពេញចិត្តក្នុងការបង្កើនបរិមាណធនធានគ្រូ ប៉ុន្តែសម្ដេចសំណូមពរឱ្យគិតគូរដល់សមត្ថភាពពិតប្រាកដរបស់គ្រូមុន នឹងបញ្ចូលជាគ្រូពេញសិទ្ធិក្នុងក្របខណ្ឌរដ្ឋ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គុណភាពអប់រំដែលសំខាន់គឺពាក់ព័ន្ធជាមួយគ្រូ បើមានឧបករណ៍ មានមេរៀន មានកុំព្យូទ័រក៏ដោយ បើសិនយើងអត់មានគ្រូដែលមានគុណភាពក៏មិនកើតដែរ ព្រោះសិស្សទៅរៀនពឹងលើគ្រូទាំងស្រុងហើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង«អ៊ីចឹងគុណវុឌ្ឍិរបស់គ្រូ សមត្ថភាពរបស់គ្រូ នៅក្នុងការបង្រៀន ភាពច្បាស់លាស់របស់គ្រូ គឺជាការចាំបាច់ ដែលយើងបានអនុវត្តនិងខិតខំយកចិត្តទុកដាក់នៅក្នុងការពង្រឹងគុណវុឌ្ឍិ យើងមានបញ្ហាប្រឈមរឿងបរិមាណ ដែលចាំបាច់ឱ្យយើងច្នៃប្រឌិត រូបភាពណាមួយ គ្រូកិច្ចសន្យាឬមួយអី ប៉ុន្តែមិនត្រូវកាត់ចោលនូវការធានានូវគុណភាពនិងគុណវុឌ្ឍិនោះទេ»។

ប្រទេសជាតិមានការអភិវឌ្ឍ គឺចាំបាច់ណាស់ ពឹងផ្អែកលើវិស័យអប់រំ ដែលកក្តាស្នូលក្នុងការបង្កើនអភិវឌ្ឍ មូលធនមនុស្សជាអាទិភាពខ្ពស់ដែល សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកកម្ពស់គុណភាពអប់រំ ពីថ្នាក់មតេយ្យសិក្សា ដល់មធ្យមសិក្សា។

ក្នុងន័យនេះ នៅទូទាំងខេត្តកំពង់ស្ពឺ មានសាកលវិទ្យាល័យ ចំនួន ១, វិទ្យាល័យ ចំនួន ៣៣សាលា (រដ្ឋ ២៧ និងឯកជន ៦), អនុវិទ្យាល័យ ចំនួន ៧៨សាលា (រដ្ឋ ៧០ និង ឯកជន ៨), សាលាបឋមសិក្សា ចំនួន ៣៤៣សាលា(រដ្ឋ ៣១៦ និងឯកជន ២៧), សាលា មត្តេយ្យសិក្សា ៥៥០សាលា (រដ្ឋ ២៣១, ឯកជន ៣៥, សហគមន៍ ២៨៤) មានបុគ្គលិក ៥.៣០៩នាក់ ស្រី ២.១៨១នាក់ និងមានសិស្សសរុប ១៩៧.២៨៧នាក់ ស្រី ៩៨.៥៦៣ នាក់។ ឆ្នាំសិក្សា ២០២៣-២០២៤ មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុប ៤.២៦៥នាក់ ស្មើនឹង ៨១,៦៦% ស្រី ២.៥០៥នាក់ ស្មើនឹង ៨៧,៥៩% ក្នុងនោះ និទ្ទេស A ចំនួន ៤៧នាក់ ស្រី ២៩នាក់ ទទួលបានរង្វាន់លើកទឹកចិត្តរួមមាន កុំព្យូទ័រ ថេបប្លែត និងថវិកាពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងឯកឧត្តមអភិបាលខេត្តផងដែរ៕

你可能还喜欢