អាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការហើយ ដោយមានជើងហោះហើរដំបូងគេមកពីប្រទេសចិនចូលចត

អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃជាង២០០០លានដុល្លារសហរដ្ឋអាមេរិក ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា បានប្រកាសបើកដំណើរការហើយ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ខណៈដែលការសម្ពោធផ្លូវការនឹងធ្វើឡើងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។
ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។

- Advertise -

ជើងហោះហើរដំបូងគេ ដែលចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន និងជើងហោះហើរបន្ទាប់គឺ Singapore Airlines (SQ 155) ។ ជើងហោះហើរទាំងពីរនេះ ត្រូវបានទទួលស្វាគមន៍ ដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនពាក់ព័ន្ធជាច្រើននាក់ អមជាមួយនឹងការស្វាគមន៍ដោយរបាំឆៃយ៉ាំ ដែលជារបាំបុរាណខ្មែរយ៉ាងអធិកអធម។
ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានធ្វើដំណើរតាមរយៈជើងហោះហើរពីប្រទេសចិន និងពីប្រទេសផ្សេងៗបានបង្ហាញការកោតសរសើរចំពោះ សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ ដែលមានភាព ធំទូលាយ និងមានលក្ខណៈស្តង់ដារ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥។ ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០ លាននាក់នៅឆ្នាំ ២០៣០ ខណៈដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់នៅឆ្នាំ ២០៥០៕
你可能还喜欢